កំហុស​ទាំង​ ៦ យ៉ាង​ក្នុង​ការ​ជ្រើសរើស​ Power Bank

សព្វ​ថ្ងៃ​មាន​ទស្សនៈ​យល់​ខុស​ជា​ច្រើន​ទៅលើ​ការ​ជ្រើស​រើស​ Power Bank សម្រាប់​សាក​ថ្ម​ ទូរស័ព្ទ​ ឬឧបករណ៍​ផ្សេងៗ​យក​មក​ប្រើប្រាស់។​ ដោយ​មាន​អ្នក​ខ្លះ​គិត​ថា​កា​រ​ជ្រើស​រើស​ Power Bank ដែល​មាន​ Capacity(mAh) ខ្ពស់អាច​សាក​ថ្ម​បាន​ច្រើន​ដង ជា​ជម្រើស​ត្រឹម​ត្រូវ​សម្រាប់​គេ។ តាមពិត​ទៅ​វា​មិនដូច្នេះ​ឡើយ ដែល​ការ​ជ្រើសរើស​ Power Bank គឺ​អាស្រ័យ​ទៅលើ​ Capacity(mAh) នៃ​ប្រភេទ​ឧបករណ៍ (Smart Phone, Tablet/iPad) ​ដែល​អ្នក​កំពុង​ប្រើប្រាស់​ទៅ​វិញ​ទេ ។
ជា​ទូទៅ​កម្រិតស្តង់​ដារនៃ​​ Capacity(mAh) សម្រាប់​សាក​ Smart Phone (iPhone, Samsung, LG… ) និង​ Tablet (iPad , Galaxy Note 10.1 …)  ត្រឹម 10,000mAh-10,400mAh តែប៉ុន្នោះ។
សំបុក​អាយធី​នឹង​បង្ហាញ​លោក​អ្នក​ពី​កំហុស​ទាំង​ ៦ យ៉ាង​ក្នុង​ការ​ជ្រើសរើស​ Power Bank ដែល​លោក​អ្នក​ត្រូវ​​ជៀស​វាង៖

 ១. Power Bank តម្លៃ​ថោក​ហើយ​មាន​ Capacity(mAh) ធំ

Power Bank ដែល​មាន​តម្លៃ​ថោក​ភាគច្រើនគុណភាព​ពិបាក​ទទួល​យក​ណាស់ ដោយ​ Power Bank ទាំង​នោះ​ជាម៉ាក​ជជុះ​ ឬក្លែងក្លាយ​ហើយ​មួយ​ចំនួន​ធំត្រូវ​បាន​បង្កើត​ជាមួយ refurbish battery (របស់​ខូច​ជួសជុល​ក្នុង​រោង​ចក្រ​ យក​មក​ប្រើ​ឡើង​វិញ) ដែល​ជាមូលហេតុ​នាំឱ្យ​វា​មាន​តម្លៃ​ថោក​ជាង​ឧ​បករណ៍ Original ។
អ្នក​គួរ​ជ្រើស​រើស​ Power Bank ដែល​មាន​ការ​ធានា​ច្បាស់​លាស់​ ឬ​ម៉ាកល្បី​ដែល​អ្នក​បាន​ស្គាល់​ថា​ជាម៉ាក់​ដែល​មាន​គុណភាពទៅលើ​ផលិតផល​របស់ខ្លួន​។ តម្លៃ​វា​អាច​នឹង​ថ្លៃជាង​ធម្មតាប៉ុន្តែ​វា​ពិតជា​ជួយ​សន្សំសំចៃ​ឱ្យ​អ្នក​ទៅវិញ​ទេ ទាំង​ពេល​វេលា​និង ថវិកា។ តើកម្រិត Capacity ដល់ទៅ 30,000 mAh អាចសាក iPad បាន​ប៉ុន្មានដង?

២. ទិញ​ Power Bank ដោយ​គិត​ទៅលើតែ capacity (mAh)

មូល​ហេតុ​ចំបង​ក្នុង​ការ​ទិញ Power Bank គឺ​​ងាយស្រួល​យក​តាមខ្លួន​គ្រប់​ទីកន្លែង។  Power Bank មិនមែន​ជាឧបករណ៍​សម្រាប់​សាក​ថ្ម​គ្រប់​ពេលវេលានោះទេ វា​ជាឧបករណ៍​សម្រាប់​ជំនួស​ពេលដែល​អ្នក​គ្មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់ ឬ​ក្នុង​ករណី​ត្រូវ​ចេញទៅក្រៅ​ដោយ​មិនបាន​សាក​ថ្ម​ជាមុន។ បើ​ដូចនេះ​តើ​អ្នក​ចង់​បាន​ Capacity ធំ​ធ្វើអ្វី? ប្រសិន​បើ​អ្នក​ប្រើប្រាស់ iPad/Tablet វា​ជាហេតុផល​សមរម្យមួយ​ដែល​អ្នក​គួរ​ជ្រើស​រើស​ Power Bank ដែល​មាន Capacity ធំ​យក​មក​ប្រើប្រាស់។ ជម្រើស​ដែល​សមរម្យ​បំផុត​គឺ Power Bank ដែល​មានកំរិត​ Capacity 10,000 mAh ។

៣. មិនបាន​គិត​ដល់​អាយុកាល​នៃ​ការ​ប្រើប្រាស់ (Life Time)

ជា​ទូទៅ​ Power Bank ដែល​មាន​កម្រិត​ស្តង់ដារ​ដែល​អា​ច​ទទួល​យក​បាន​ក៏​មាន​អាយុ​កាល​នៃ​ការ​សាក​ថ្ម​តិចបំផុត​ក៏ 500 ដង​ដែរ ដែល​អាយុ​កាល​នៃ​ការ​សាក​ថ្ម​របស់​ Power Bank​ អាស្រ័យ​ទៅលើប្រភេទ Cell Batteries ដែល​នៅក្នុង​វា​នោះ។ ដោយសារ​តែ​ពពួក​ Power Bank ជជុះ​ត្រូវ​បាន​បង្កើតឡើង​ដោយ refurbish battery ហេតុ​នេះ​ហើយ​អាយុកាល​របស​វា​មាន​ច្រើន​បំផុតត្រឹម 200 ដង​ លើស​ពីនេះ​ទៅទៀត​នៅពេល​ដែល​អ្នក​ចាប់​ផ្តើមប្រើបានប្រហែលជា 50-100 ដង​វា​នឹង​ចាប់ផ្តើម​អន់ទៅៗ ដែល​នេះ​ហើយ​ជាអ្វី​ដែល​អ្នក​គួរ​តែគិត​មុនពេល​ជ្រើស​រើស​ Power Bank ឱ្យ​បាន​ត្រឹមត្រូវ។

៤.​ ជ្រើសរើស​ Power Bank ដោយ​មិនបាន​គិត​ពី​លក្ខណៈ​ពិសេស​

អ្នក​ទិញ​ Power Bank មួយ​ចំនួន​តែង​គិត​ថា​ Power Bank គ្រាន់​តែ​ជា​ឧបករណ៍សម្រាប់​សាក​ថ្ម​តែប៉ុន្នោះ ប៉ុន្តែ​ការ​គិត​នេះ​ពិត​ជាខុស​ស្រលះ។ Power Bank ដែល​អ្នក​គួរ​ជ្រើស​ប្រើ​គួរ​មាន​ចំនុច​ពិេសស​​ ដែល​អាច​ការពារទូរស័ព្ទ​របស់​អ្នក​ដែល​សាក​ជាមួយ​វា​ឱ្យ​​មាន​សុវត្ថិភាព។ ខាង​ក្រោម​នេះ​ជាលក្ខណៈ​ពិសេស​ដែល​ Power Bank គួរ​តែ​មាន​សម្រាប់​ការ​ពារ​ឧបករណ៍​ដែល​សាក​ថ្ម​ជាមួយ​វា​ឱ្យ​មាន​សុវត្ថិភាព៖
  • Short circuit protection: ការ​ពារឧបករណ៍​ដែល​សាក​ជាមួយ​វា​នៅពេល​មាន​បញ្ហា Short Circuit កើត​ឡើង (បញ្ហា​នេះកើតឡើង​នឹង​ធ្វើឱ្យ​ចរន្ត​បុកខ្លាំង​)​។
  • Over Charged Protection: នៅពេល​ទូរស័ព្ទ​អ្នក​ដាក់​សាក​កជាមួយនឹង Power Bank យូរ​ពេក​វា​នឹង​ធ្វើការ​ផ្តាច់​ចរន្ត​ដោយ​ស្វ័យ​ប្រវិត្ត។
  • Temperature Protection: ការ​ពារ​មិនឱ្យ​ទូរស័ព្ទ​អ្នក​ឡើង​ក្តៅ​ជ្រុល​ក្នុង​ពេល​សាក​ថ្ម ។

៥. Power bank​ ដែល​មិនមាន output ពិត​ប្រាកដ

ដូច​អ្វីដែល​យើង​បាន​និយាយ​ពី​ខាងដើម​អញ្ចឹង​ដែរ គឺ​ថា​ពពួក Power Bank ជជុះ​មិនមាន Output ត្រូវ​នឹង​ Device របស់​ខ្លួន​ទេ! យើង​សូម​លើក​ P​ower Bank ពីរ​ម៉ាក​គឺ Sony Portable Charger Power Bank (មាន Port ចំនួន 2 Output:3.6A សាកឆាប់ពេញ) និង TP-Link TL-PB10400 (មាន Port ចំនួន​ 2 Output: 1A និង 2A) ដែល​ជា​ផលិតផល​ដែល​មាន​ Output ច្បាស់លាស់​និង​ត្រឹមត្រូវ។ ចំនួន Output របស់​ Power Bank រឹត​តែ​ធំ​នឹង​ធ្វើឱ្យ​ការ​សាក​ថ្មពេញ​ទៅលើ​ទូរស័ព្ទ​របស់​អ្នក​រឹតលឿន​ផងដែរ ។​

៦. Power Bank ដែល​មាន UL Certification

មិនមែន​គ្រប់​ Power Bankទាំងអស់​សុទ្ធ​តែ​មាន UL certification នោះ​ទេ​។ លុះ​ត្រា​តែ​ម៉ាក​នៃ Power Bank នោះ​ត្រូវ​បាន​ទទួល​ស្គាល់​ពី​គុណភាព​របស់​វា​ជាមុនសិន។ ដែល​ Power Bank ដែល​មាន UL certification អាច​ធានា​បាន​នូវ​គុណភាព​ជាស្តង់​ដារ ហើយ​មាន output ពិត​ប្រាកដ​និង​មាន​សុវត្ថិភាព​ចំពោះ ឧបករណ៍​ដែល​សាក​ថ្មពីវាបាន។

សេចក្តីសន្និដ្ឋាន

សរុបមកវិញ ក្រោយពី​អាន​អត្ថបទនេះចប់ លោកអ្នក​ប្រហែលជាមាន​ការ​យល់ដឹង​បន្ថែម​មួយចំនួន​ទាក់ទង​នឹង​ការជៀសវាង ក្នុងការប្រើប្រាស់ Power Bank ដែល​មិនមានគុណភាព ហើយ​ថែមទាំង​អាច​ប៉ះពាល់​ដល់​អាយុកាលថ្ម​ទូរស័ព្ទទៀតផង ។ គ្រាន់តែស្រមៃថា iPhone 6, 5 ដែលមានតម្លៃច្រើនជាង $500 បែរជាមកខូចថ្ម​នឹង Power Bank ដែល​មានតម្លៃ មិនដល់ ​$30 ទៅវិញ? គួរឲ្យ​ឈឺចាប់ទេ? 😀 ទោះជាយ៉ាងណា វាជាការសម្រេចចិត្ត​របស់លោកអ្នក ក្នុងការទិញ Power Bank ប្រភេទណាឲ្យស័ក្តសម​នឹង​ជម្រើស និង​តម្រូវការ​ជាប្រចាំរបស់​លោកអ្នក ។
សូមកុំទិញ Power Bank ទោះ​ប្រភេទណាក៏ដោយ បើ​លោកអ្នក​គ្រាន់តែជំនួស​ភាពខ្ជិលច្រអូស​របស់​លោកអ្នក ក្នុងការ​ដើរទៅសាកថ្ម​ផ្ទាល់​ពី​ថាមពល​អគ្គីសនី ។ ក្នុងករណីចាំបាច់ បើ​លោកអ្នក​ត្រូវការ​ធ្វើការ​ជាញឹកញាប់​តាមផ្លូវ ដោយ​មិនមាន​ថាមពល​អគ្គីសនី (គ្រប់វ៉ុល) នៅក្បែរខ្លួន នោះការទិញ Power Bank ជាជម្រើសល្អ ។ មិនថា Power Bank ប្រភេទណា ឬធ្លាក់មកពីលើមេឃ​នោះទេ ពេល​ប្រើជាញឹកញាប់ ឬជាប្រចាំជាមួយនឹង iPhone, iPad, Android, វានឹង​ងាយខូច​អាយុកាល​​ថ្ម យ៉ាងពិតប្រាកដ ។

Comments

Popular posts from this blog

8 New Mac OS Features That Will Change the Way You Use Your Desktop

Must-have iOS Apps for Businesses

15 iPhone Alarms That Wake You Up Right Away