តើលោកអ្នកគួរទិញ Smartphone មួយទឹក មកប្រើប្រាស់ឬទេ?
លោកអ្នកប្រហែលជាធ្លាប់បានអានរួចមកហើយ នូវគន្លឹះទិញ iPhone មួយទឹកឲ្យបានត្រឹមត្រូវ និងធូរថ្លៃ ដែលវាអាចជាព័ត៌មានមួយចំនួន សម្រាប់លោកអ្នក យកទៅផ្ទៀងផ្ទាត់មុនពេលទិញ ប្រកបដោយទំនុកចិត្ត និងជៀសវាងការជ្រើសរើសខុស ។
ថ្ងៃនេះយើងខ្ញំុ នឹងបង្ហាញជូនលោកអ្នក នូវចំណុចមួយចំនួនទៀតទាក់ទងនឹងការពិចារណាក្នុងការទិញ Smartphone មួយទឹកមកប្រើប្រាស់ ឬគួរទិញទូរស័ព្ទថ្មី១០០% ជំនួសវិញ? សូមតាមដាន និងអានខាងក្រោមនេះ៖
១/. ទិញ Smartphone ដែលមានការធានា
ជាធម្មតាគ្រឿងអេឡិចត្រូនិច តួយ៉ាងទូរស័ព្ទដៃ តែងតែអាចបានបញ្ហាបច្ចេកទេសណាមួយ ដែលទាមទារតម្រូវឲ្យមានការធានាលើគុណភាពប្រើប្រាស់ ព្រមជាមួយគ្រឿងបន្លាស់ជាដើម ។ល។ មុននឹងសម្រេចចិត្តទិញទូរស័ព្ទលោកអ្នកអាចស្វែងរកមើលម៉ាកទូរស័ព្ទណាមួយ ដែលមានក្រុមហ៊ុនផ្លូវការទទួលខុសត្រូវ ពេលដែលទូរស័ព្ទមានបញ្ហា ឬតម្រូវប្តូរគ្រឿងបន្លាស់ ។ ការធានាពិតជាសំខាន់ អាចឲ្យលោកអ្នកប្រើប្រាស់ទូរស័ព្ទប្រកបដោយទំនុកចិត្ត និងមិនបារម្ភពីបញ្ហានានា ដែលអាចកើតឡើងដោយចៃដន្យឡើយ ។
ការផ្ទេរម្ចាស់កម្មសិទ្ធិ តាមទូរស័ព្ទដៃយោងតាមប័ណ្ណធានា និងលេខកូដម៉ាស៊ីន អាចនឹងត្រូវបានបន្តរហូតអស់សពុលភាព (យ៉ាងតិច១ឆ្នាំ) ទោះបីជាលោកអ្នកបានលក់បន្តទៅអ្នកដទៃក៏ដោយ (យោងតាមការកំណត់របស់ក្រុមហ៊ុនទូរស័ព្ទនីមួយប៉ុណ្ណោះ) ។
២/. សុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួន
វាអាចនិយាយថា នេះជាចំណុចសំខាន់បំផុតដែលលោកអ្នកមួយចំនួន អាចនឹងមិនបានគិតដល់ ។ សុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួន ដែលមិនគួរត្រូវបានបែកធ្លាយ ក៏អាចកើតចេញពីទូរស័ព្ទមួយទឹកនេះផងដែរ ។ ទូរស័ព្ទខ្លះបានលាក់បំពួននូវកម្មវិធីរុករកស្រាវជ្រាវ និងលួចឯកសារលោកអ្នកដោយសម្ងាត់បាន ពេលដែលលោកអ្នកប្រើប្រាស់ទូរស័ព្ទនោះ ដោយមិនបានពិនិត្យលើការសម្អាតកម្មវិធីចាស់ៗចោល ។
តើលោកអ្នកគិតថាការសម្អាតកម្មវិធីចេញអស់ អាចនឹងលែងមានបញ្ហាដែរឬទេ សម្រាប់ទូរស័ព្ទមួយទឹក? កម្មវិធី Recovery Software មានច្រើនប្រភេទ អាចនឹងស្វែងរកព័ត៌មានដែលបានលុបហើយ មកវិញបាន តើលោកអ្នកមានទំនុកចិត្តប៉ុណ្ណា?
៣/. តម្លៃ និងគុណភាព
លោកអ្នកប្រហែលគិតថា៖
ទិញទូរស័ព្ទមួយទឹកស៊េរីខ្ពស់ តម្លៃប្រហែលទូរស័ព្ទថ្មី ស៊េរីទាប, សុខចិត្តប្រើមួយទឹកវិញ! ទិញទូរស័ព្ទថ្មី ខាតច្រើន!
ជាការពិតណាស់! ទូរស័ព្ទដែលបានប្រើប្រាស់ហើយ នឹងធ្លាក់តម្លៃជាងទូរស័ព្ទដែលនៅថ្មីមិនទាន់បកកេស! ហើយគុណភាពទៀតសោត ក៏អាចនិយាយបានថា ខុសគ្នាផងដែរ ។ តែអ្វីដែលលោកអ្នកគួរពិចារណាមុនគេ ប្រហែលជាពីរចំណុចខាងលើនេះ ។ បើទិញថោក ប្រើមិនបានប៉ុន្មានខូច ហើយគ្មានការធានា និងអាចត្រូវចំណាយប្រាក់បន្ថែមលើការជួសជុល ឬត្រូវលក់បន្តទៀត ប្តូរស៊េរីថ្មី? តើទូរស័ព្ទមួយទឹក តម្លៃថោក បានផ្លាស់ប្តូរគ្រឿងហើយឬនៅ? ធ្លាប់មានបញ្ហាអេក្រង់ទេ? បញ្ហាថ្ម? មានឆ្នាំងសាក original ដែរទេ? បញ្ហាកាមេរ៉ា? ទាំងអស់នេះ សុទ្ធសឹងជាកត្តាដែលនឹងយោងតម្លៃទូរស័ព្ទរបស់លោកអ្នក ។
សេចក្តីសន្និដ្ឋាន
សរុបជារួមមក ការទិញទូរស័ព្ទស៊េរីណាក៏ដោយ ក៏មិនអាចប្រាកដថាជៀសវាងបញ្ហារួចដែរ តែអ្វីដែលសំខាន់គឺការធានា និងគ្រឿងបន្លាស់ original ពីក្រុមហ៊ុនផ្លូវការ ។ យ៉ាងណាមិញ ការទិញទូរស័ព្ទមួយទឹក 99.99%, 95%, 98.2% ដែលគ្មានការផ្ទៀងផ្ទាត់ច្បាស់លាស់ និងការធានាគុណភាព អាចធ្វើឲ្យលោកអ្នកខាតបង់ប្រាក់កាស និងពេលវេលា តែមិនទាំងអស់ឡើយ ទូរស័ព្ទមួយទឹកខ្លះ គ្រាន់តែត្រូវបានគេប្តូរស៊េរីថ្មីតែប៉ុណ្ណោះ body អាចឆ្កូតបន្តិចបន្តួច អេក្រង់អាចនៅល្អ speaker គ្មានបញ្ហា ហើយបើលោកអ្នកកំពុងប្រើមួយទឹក សូមកុំបារម្ភអី បើមិនទាន់មានបញ្ហានោះ 😉 ។

Comments
Post a Comment