វិធីការពារចោរលួច WiFi ជិតផ្ទះលោកអ្នក
ការប្រើប្រាស់ Internet នៅតាមផ្ទះក្លាយជាចំណូលចិត្ត និងតម្រូវការរបស់អ្នកប្រើប្រាស់កុំព្យូទ័រ និងទូរស័ព្ទនាពេលបច្ចុប្បន្ននេះ ជាមួយនឹងតម្លៃដ៏សមរម្យចាប់ពី ១២ដុល្លារ ក្នុងមួយខែឡើងទៅ ។ ទន្ទឹមនឹងនេះ ក៏មានបញ្ហាមួយចំនួនទៀត បានកើតឡើងស្របគ្នា ដែលអ្នកប្រើប្រាស់តែងតែដាក់សំនួរមកកាន់ សំបុកអាយធី ដែលថា តើមានវិធីងាយៗ ក្នុងការលួច WiFi គេប្រើដែរឬទេ? ចម្លើយ៖ សំបុកអាយធី សូមអធ្យាស្រ័យដែលមិនបានផ្តល់ចម្លើយតបវិញ ។ តែពេលនេះ ដោយមានការបង្ហាញដោយខ្វះទំនួលខុសត្រូវ ទាក់ទងនឹងការការពារ ការលួចប្រើ WiFi របស់អ្នកជិតខាង ដែលធ្វើឲ្យល្បឿនអ៊ីនធឺណិតរបស់អ្នកដើរយឺត និងអាចប៉ះពាល់ដល់ឯកសារឯកជនរបស់លោកអ្នកទៀតផងនោះ សំបុកអាយធី នឹងបង្ហាញពីគន្លឹះក្នុងការការពារមួយចំនួន ដែលអាចឲ្យអ្នកលួចស្ទើរៗ លែងអាចប្រើ WiFi របស់លោកអ្នកបាន ។
ចំណាំ៖ ការលួចប្រើ WiFi របស់គេ មិនមែនជាការចែករំលែកនោះទេ! ព្រោះអ្នកលួច មិនបានសុំការអនុញ្ញាតពីម្ចាស់ដើមឡើយ (បើសុំមិនមែនហៅថាលួចទេ
) ។ យ៉ាងណាក្តី បើអ្នកលួចដែលខ្វះបច្ចេកទេស បែរជាអាចធ្វើឲ្យម្ចាស់ WiFi លួចឯកសារពីកុំព្យូទ័រ ឬទូរស័ព្ទពីអ្នកត្រឡប់ទៅវិញទេ ។ មួយវិញទៀត ការលួចប្រើ WiFi មិនមែនជារឿងធម្មតានោះទេ វាប្រៀបដូចជាការលួចសិទ្ធិក្នុងការប្រើប្រាស់ឧបករណ៍របស់អ្នកដទៃ ហើយវាមិនមែនជាកំហុសរបស់ម្ចាស់ WiFi ដែលមិនបានការពារ WiFi ខ្លួននោះទេ! ឧទាហរណ៍៖ ចោរលួចម៉ូតូអ្នកបាត់ អ្នកត្រូវបន្ទោសចោរ ឬបន្ទោសម្ចាស់ម៉ូតូដែលមិនបានប្រយ័ត្ន ។ បើចោរមិនខុស មិនមែនប៉ូលីស ត្រូវដេញតាមចាប់នោះទេ!
លោកអ្នកមិនអាចបិទបាំង ការសាយភាយ WiFi Signal ពេលលោកអ្នកកំពុងប្រើបានទេ ដរាបណាលោកអ្នកបិទ WiFi តែដើម្បីការពារការលួចប្រើ WiFi របស់លោកអ្នក មានដំណោះស្រាយមួយចំនួន ដែលលោកអ្នកអាចសាកល្បងក្នុងការអនុវត្តន៍ដូចជា៖
- បិទប៊ូតុង WPS (WiFi Protected Setup)
- កំណត់លេខសម្ងាត់ឲ្យបានខ្លាំងលើ Router WiFi
- ការប្តូរឈ្មោះ SSID
- កាត់បន្ថយចំងាយក្នុងការចែករំលែក Signal WiFi
- លុប ឬ Block Mac Address ឧបករណ៍ដែលព្យាយាមតភ្ជាប់
បិទការចែករំលែកប៊ូតុង WPS – Disable
មុខងារ WPS ភាគច្រើនមាននៅលើ Router WiFi សឹងតែទាំងអស់ ដែលលោកអ្នកអាចបិទ ឬបើកប្រើបានតាមតម្រូវការ ។ បើលោកអ្នកគ្មានតម្រូវការក្នុងការចែករំលែក WiFi បន្តទេ សូមបិទមុខងារ WPS នេះ ដោយអាចចុចលើ Router ឬបញ្ជាតាម Web Interface ។ ដើម្បីអាចបិទបាន សូមចូលទៅកាន់ Browser ហើយវាយ 192.168.1.1 ឬ 192.168.0.1 ហើយវាយ Username: admin និង Password: admin បើលោកអ្នកមិនធ្លាប់ដូរនោះទេ ។
បន្ទាប់មក សូមពិនិត្យមើលថាតើលោកអ្នកបានបិទហើយ ឬនៅ?
WPS Status នឹងបង្ហាញថា Enabled (បានបើក) សូមចុចលើ Disable WPS ដើម្បីបិទការចែករំលែក ។ ប៉ុន្តែប្រសិនបើ លោកអ្នកចង់ចែករំលែក WPS ដើម្បីបង្កើនដែនសេវា WiFi ឲ្យបានខ្លាំង សូមអនុវត្តន៍ទៅជំហានបន្ទាប់ ។
កំណត់លេខសម្ងាត់ឲ្យបានខ្លាំង
មិនថាតែ WiFi Router ទេដែលត្រូវការលេខសម្ងាត់ខ្លាំង សូម្បីតែគណនី Facebook ឬ Email របស់លោកអ្នកក៏ត្រូវការការកំណត់ច្បាស់លាស់ផងដែរ ។ការប្រើប្រាស់លេខសម្ងាត់ដូចជា 12345678, iLoveyou, Sok88888, ជាដើម ។ល។ មិនគួរយកទៅប្រើប្រាស់គ្រប់គណនី ឬអ្វីក៏ដោយ ព្រោះលេខសម្ងាត់ ជាលេខដែលមិនងាយក្នងការទាយ ឬស្មានដឹងបាន ។ ដើម្បីប្តូរលេខសម្ងាត់ សូមចូលទៅកាន់ Web Browser ហើយវាយ 192.168.1.1 ឬ 192.168.0.1 (ដូចចំណុចខាងលើដែរ) និងកំណត់លេខសម្ងាត់ ដែលលោកអ្នកអាច Generate បានដោយចុច ទីនេះ ។
សូមកុំភ្លេចជ្រើសយក Encryption ដែលអាចជារនាំងបាំង មួយបន្ថែមទៀត លើការស្មានលេខសម្ងាត់ ។
លោកអ្នកអាចកំណត់លេខសម្ងាត់ណាក៏បាន តាមដែលលោកអ្នកអាចចំណាំក៏បាន តែត្រូវមានសញ្ញា (! ឬ ?) និងលេខ រួមទាំងអក្សរធំតូច ដែលចោរលួច WiFi អាចចំណាយពេលប្រហែលជាង ២០ឆ្នាំក្នុងការទាយលេខសម្ងាត់នោះ
។
ប្តូរឈ្មោះ SSID ឬឈ្មោះ Network Wireless
នៅពេលភ្ជាប់ដំបូងៗ លោកអ្នកនឹងទទួលបានឈ្មោះដើមមួយ ដែលអាចជាឈ្មោះឧបករណ៍ ដូចជា TP-Link_841, Linksys ជាដើម តែលោកអ្នកអាចប្តូរឈ្មោះបានដោយអាចដាក់ថា c:\virus.exe, virus.bat ដើម្បីអាចបន្លាចចោរលួច កុំឲ្យហ៊ានក្នុងការលួចប្រើប្រយ័ត្នឆ្លងរោគ ។
កាត់បន្ថយចំងាយក្នុងការចែករំលែក Signal WiFi
ការចែករំលែក WiFi ឲ្យទៅដល់គោលដៅ ដែលលោកអ្នកចង់ប្រើប្រាស់ជាតម្រូវចាំបាច់ សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិតប្រចាំថៃ្ង សម្រាប់អ្នកដែលត្រូវការចែករំលែក WiFi Signal ឲ្យបានឆ្ងាយដូចជា ទៅដល់ជាន់ទី២ ឬចូលក្នុងបន្ទប់គេង សំបុកអាយធី សូមណែនាំឧបករណ៍ Range Extender ដែលអាចចែករំលែក WiFi ដល់ទីតាំងដែលលោកអ្នកត្រូវការ ។ បើគ្រាន់តែការពារអ្នកលួចប្រើ លោកអ្នកអាចជ្រើសរើសវិធីផ្សេងបាន ។
រាល់ឧបករណ៍អេឡិចត្រូនិច ដូចជាកុំព្យូទ័រ ទូរស័ព្ទដៃ ឬ Tablet នានាសុទ្ធតែមាន MAC Address ដើម្បីសម្គាល់អត្តសញ្ញាណឧបករណ៍នីមួយៗ ។ លោកអ្នកអាចដាក់បញ្ចូលតែឧបករណ៍ដែលលោកអ្នកអាចតភ្ជាប់ប្រើបានចូលទៅបានហើយ ក្រៅពី MAC Address ដែលបានបញ្ចូល ចោរលួច WiFi គ្មានសិទ្ធិអាចចូលប្រើបានទេ ។ នៅមានតិចនិច ដែល Hacker អាចលួចចូលបានទោះគេគ្មាន MAC Address ក៏ចូលបានដែរ តែដរាបណាគេបានដឹង MAC Address ណាមួយរបស់អ្នក ។ ដើម្បីអាចបញ្ចូល MAC Address ចូលក្នុង Router WiFi លោកអ្នក សូមចូលទៅកាន់ Web Browser ហើយវាយ IP ដូចខាងលើ ។
- សូមចូលទៅកាន់ Wireless –>Wireless MAC Filtering ហើយចុច Enable ដើម្បីឲ្យ Router លោកអ្នកអាចច្រោះ Mac Address ដែលអាចឲ្យចូលភ្ជាប់បាន ឬមិនបាន ។
- សូមបញ្ចូល Mac Address ដែលលោកអ្នកអនុញ្ញាត ដោយចុចលើ Add New ហើយជ្រើសរើសយក Status: Enabled ហើយចុច Save ដើម្បីរក្សាការកំណត់ ។
- ក្នុងករណីលោកអ្នកអាចរកឃើញ MAC Address ចោរដែលលួចប្រើ សូមបញ្ចូលហើយកំណត់ Status: Disabled នោះឧបករណ៍ដែលគេប្រើនោះ នឹងមិនអាចប្រើបានរហូត ។
បញ្ជាក់៖ សូមប្រុងប្រយ័ត្ន ក្រែងលោកអ្នកបញ្ចូល MAC Address ខ្លួនឯងហើយ មិនអាចប្រើអ៊ីនធឺណិតបាន ។ ប៉ុន្តែលោកអ្នកអាចប្រើឧបករណ៍ដទៃផ្សេងទៀត កែប្រែការកំណត់ ឬលោកអ្នកអាច Reset Router ដើម្បីឲ្យគ្រប់យ៉ាងត្រឡប់ទៅខាងដើមវិញ ។
ចង់រកមុខអ្នកលួចប្រើទេ?
មិនពិបាកទេ នៅពេលគេបានភ្ជាប់មកកាន់ Network របស់លោកអ្នកហើយ លោកអ្នកអាចរកមើលតាម Router Settings ដោយចូលទៅ IP ខាងលើ ហើយចូលទៅកាន់ IP & Mac Binding => ARP List ដូចរូបខាងក្រោម ។
លោកអ្នកនឹងឃើញ MAC Address ដែលបានភ្ជាប់មកកាន់ Network របស់លោកអ្នក ។ ដល់ចំណុចនេះ ដល់ពេលគ្រោះថ្នាក់សម្រាប់អ្នកលួចប្រើវិញម្តង
ព្រោះនៅពេលនរណាម្នាក់ដឹង MAC Address លោកអ្នកនោះគេនឹងអាចបញ្ជាកុំព្យូទ័រអ្នក ឬលួចឯកសារ ។ នៅមានកម្មវិធីមួយចំនួនទៀត ដែលលោកអ្នកអាចឃើញឈ្មោះឧបករណ៍ទាំងអស់នោះតែម្តង!
មតិ៖ ការចំណាយ ១២ដុល្លារ ក្នុងមួយខែ វាមិនច្រើនណាស់ណាទេ! សូមកុំទម្លាប់លួចរបស់គេប្រើ ប្រយ័ត្នធ្លាប់ដៃ ហើយបើចង់ប្រើសូមសុំលេខសម្ងាត់ពីម្ចាស់ដើម បើគេអនុញ្ញាត ។
សន្និដ្ឋាន
ប្រសិនបើលោកអ្នកមិនមាន WiFi ប្រើ ឬមិនចង់ប្រើ 3G តាមទូរស័ព្ទដែលបណ្តាលឲ្យក្តៅថ្មទូរស័ព្ទ សូមស្វែងរកឧបករណ៍ដទៃផ្សេងទៀត ដែលលោកអ្នកអាចត្រូវតម្រូវការ ។ Cyber Law ដែលទាក់ទងនឹងទោសក្នុងការប្រើប្រាស់នានា លើបណ្តាញអ៊ីនធឺណិត ក៏មានដែរនៅក្នុងប្រទេសកម្ពុជា សូមកុំព្យាយាមលួច ការប្រើកម្មវិធីនានាដើម្បីយកលេខសម្ងាត់ពីម្ចាស់ដើម ជារឿងមិនត្រឹមត្រូវ និងផ្ទុយនឹងច្បាប់ ។ គ្រាន់តែ ១២ដុល្លារ ក្នុងមួយខែ កុំឲ្យគេហៅយើងថាជា ចោរ !

Comments
Post a Comment